ការថែទាំផលិតផលពីស្បែកសត្វធម្មជាតិ
ស្បែកជាវត្ថុធាតុដើមសម្រាប់ផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលមិនគ្រាន់តែផ្ដល់នូវភាពស្រស់ស្អាតប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ឲ្យនូវភាពប្រណីតដល់សម្ភារៈទាំងអស់នោះ ព្រមទាំងផ្ដល់នូវអារម្មណ៍ល្អក្នុងការប្រើប្រាស់។ ស្បែកដែលមានគុណភាពល្អ ជាស្បែកដែលយកពីរាងកាយរបស់សត្វ ហើយវាមានភាពធន់ និង ប្រើប្រាស់បានយូរអង្វែង។ លក្ខណៈសម្បត្តិទាំងអស់នេះហើយដែលធ្វើឲ្យ ស្បែក មានតម្លៃខ្ពស់ ហើយផលិតផលធ្វើអំពីស្បែក គឺមានតម្លៃកាន់តែខ្ពស់ថែមទៀត។ ដូច្នេះហើយ លោកអ្នកច្បាស់ជាចង់ថែទាំផលិតផលស្បែករបស់លោកអ្នកឲ្យនៅគង់វង្សបានយូរអង្វែង។ ពិតមែនឬទេ?
លោកអ្នកអាចធ្វើការថែទាំផលិតផលស្បែករបស់លោកអ្នកដោយខ្លួនឯងតាមកាលៈទេសៈ និង វិធីសាស្ត្រដូចខាងក្រោម ៖
ការថែទាំធម្មតា
ស្បែក គឺជាវត្ថុធាតុដើមដែលពីធម្មជាតិ។ ពេលប្រើប្រាស់ផលិតផលដែលធ្វើអំពីស្បែក (ស្បែកសត្វ) លោកអ្នកត្រូវចៀសវាងពីការដែលឲ្យវាប៉ះត្រូវផ្ទាល់ជាមួយទឹក ឬ សារធាតុដែលមានជាតិអាស៊ីដ។ នៅពេលដែលលោកអ្នកធ្វើតំហែទាំផលិតផលស្បែក ដំបូងបំផុតលោកអ្នកត្រូវសម្អាតធូលីដែលជាប់នឹងផ្ទៃខាងលើជាមុនសិន រួចទើបធ្វើការជូតសម្អាតថ្នមៗ ដោយប្រើប្រាស់សំឡីដែលជ្រលក់ប្រេងសម្រាប់សម្អាតផលិតផលស្បែក ដែលត្រូវជាមួយនឹងពណ៌របស់ស្បែក។ រួចហើយលោកអ្នកអាចទុកដាក់វានៅក្នុងថង់ក្រណាត់ និង រក្សាទុកនៅកន្លែងត្រជាក់ ស្ងួត និង មានខ្យល់ចេញចូល។
ដំណោះស្រាយបញ្ហាឆ្កូត និង កកិត
ប្រើប្រេងសម្រាប់សម្អាតផលិតផលស្បែកលាបផ្ទៃខាងលើនៃស្បែក ជាពិសេសតំបន់ដែលមានការខូចខាត រួចហើយជូតឈ្លីទៅវិញទៅមកៗ។ ចុងបញ្ចប់ ប្រើសំឡីស្ងួតដើម្បីខាត់លើផ្ទៃស្បែកដើម្បីឲ្យភ្លឺរលោង។
ដំណោះស្រាយបញ្ហាត្រូវទឹក
ធ្វើការសម្ងួតជាតិទឹក ឬ សំណើមដោយប្រើសំឡីស្ងួត ហើយយកផលិតផលស្បែកនោះទៅទុកនៅកន្លែងត្រជាក់ដើម្បីហាលខ្យល់ឲ្យស្ងួតតាមសម្រួល រួចហើយទើបជូតសម្អាតតាមក្រោយ។ លោកអ្នកមិនត្រូវសម្ងួតវាដោយប្រើម៉ាស៊ីនផ្លុំសក់ ឬ ដាក់ហាលថ្ងៃដើម្បីឲ្យឆាប់ស្ងួតភ្លាមៗនោះទេ។ ស្ថិតនៅក្រោមសីតុណ្ហភាពខ្ពស់បែបនោះ វានឹងបណ្ដាលឲ្យផលិតផលស្បែករួញ ប្រេះ និង ខូចទ្រង់ទ្រាយ។
ដំណោះស្រាយបញ្ហាដុះផ្សិត
ដុសសម្អាតកម្អែលផ្សិតចេញពីផ្ទៃស្បែក រួចជូតសម្អាតថ្នមៗជាមួយសំឡីសើម បន្ទាប់មកទុកផលិតផលស្បែកនោះនៅកន្លែងត្រជាក់ និង មានខ្យល់ចេញចូល ដើម្បីបំបាត់ក្លិនផ្អូម ឬ ក្លិនមិនល្អ។ ចុងបញ្ចប់ ប្រើប្រេងសម្រាប់សម្អាតផលិតផលស្បែកមកជូតសម្អាតមុននឹងប្រើប្រាស់។
Leave a comment