អ្នកគ្រប់គ្រងក្រុមហ៊ុនជាទូទៅ ចង់បានបុគ្គលិកជាច្រើនដែលមានសក្ដានុពលខ្ពស់សម្រាប់បំពេញការងាររបស់ខ្លួន។ យ៉ាងណាក៏ដោយ មិនមែនអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែទទួលបានលទ្ធផលការងារគួរជាទីគាប់ចិត្តតាមអ្វីដែលខ្លួនចង់បាននោះឡើយ ត្បិតអីក្រុមហ៊ុនមួយមានវប្បធម៌ការងារមួយផ្សេងៗពីគ្នា។ នេះប្រហែលជាបណ្តាលមកពីភាពអសកម្មណាមួយនៅក្នុងការការគ្រប់គ្រង ឬ កត្តាផ្សេងទៀតដែលអាចកើតមានទន្ទឹមនឹងគ្នានេះ។
យ៉ាងណាមិញ បើប្រិយមិត្តជាពិសេសអ្នកគ្រប់គ្រងរកឃើញថា បុគ្គលិករបស់លោកអ្នកបំពេញការងារមិនបានល្អប្រសើរ សាកល្បងពិនិត្យមើលចំណុចទាំង ១០ ខាងក្រោមនេះវិញម្តងមើលថា តើអាចជួយជាពន្លឺះឲ្យលោកអ្នកបានអ្វីខ្លះ?
១) ឲ្យតម្លៃបុគ្គលិកដោយមិនស្មើភាព
កំហុសឆ្គងដ៏ធំមួយដែលអ្នកគ្រប់គ្រងប្រព្រឹត្តនៅទីនេះ គឺវិសមភាពនៃការឲ្យតម្លៃដល់បុគ្គលិក។ ការកាន់ជើងបុគ្គលិកម្នាក់ៗ បន្តុះបង្អាប់បុគ្គលិកផ្សេងទៀត មិនផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើម និង វិសមភាពក្នុងការចាត់ចែង ឬ សមិទ្ធផលការងារ ទាំងនេះសុទ្ធតែឃាតករសម្លាប់ទឹកចិត្តស្រស់ៗ ដល់បុគ្គលិកល្អតែម្តង។
២) កន្លែងធ្វើការគ្មានផាសុកភាព
សូមអ្នកគ្រប់គ្រងកុំគិតថា កន្លែងធ្វើការជះឥទ្ធិពលអវិជ្ជមានតិចតួចឲ្យសោះដល់សមិទ្ធផលការងាររបស់បុគ្គលិកហើយគិតថា ប្រាក់ខែអាចជារឿងសំខាន់។ នៅពេលដែលកន្លែងធ្វើការគ្មានផាសុកភាព ទាំងតុ ឬ កៅអីធ្វើការ សម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់តម្រូវការរបស់បុគ្គលិកជាប្រចាំ បន្ទប់ប្រជុំ បន្ទប់សម្រាក ទាំងនេះគួរតែមានឲ្យបានគ្រប់គ្រាន់ បើមិនដូច្នេះទេបុគ្គលិកមិនសូវមានអារម្មណ៍ល្អដែលអាចប៉ះពាល់ដល់លទ្ធផលការងារជាមិនខាន។
៣) ភាពអសកម្មដល់ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក
អ្វីដែលត្រូវលើកមកនិយាយនៅទីនេះគឺថា តើកន្លែងនេះ ទីតាំងនេះបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកឲ្យមានឱកាសសិក្សារៀនសូត្រសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ពួកគេហើយឬនៅ? និយាយឲ្យងាយយល់ សកម្មភាពទាំងឡាយណាដែលប្រឆាំង ឬ ប៉ះពាល់ទៅនឹងការទទួលបាន ការបញ្ចេញសមត្ថភាព និង ការចែករំលែកចំណេះដឹងដល់បុគ្គលិកទៅវិញទៅមក សកម្មភាពនេះហើយដែលធ្វើឲ្យបុគ្គលិកបាត់បង់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។
៤) ខ្វះកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារ
ការងារដែលចងក្រងឡើងជាក្រុមលើគោលដៅតែមួយ ការងារនោះនឹងនាំមកនូវភាពជោគជ័យ។ យ៉ាងណាមិញ បើការប្រស្រ័យទំនាក់ទំនងដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀតក្នុងកន្លែងការងារ ត្រូវកំរិត ឬ រាំងខ្ទប់ស្ងាត់ដូចយប់នោះ មិនខុសអ្វីពីមានតែទូរស័ព្ទអត់លុយហៅចេញនោះដែរ។ បរិស្ថានការងារដែលមានស្ថានភាពបែបនេះ មិនមាននៅក្នុងស្តង់ដារការងារនាសតវត្សទី២១នេះឡើយ។
៥) សំបូរបុគ្គលិកមានគំនិតអវិជ្ជមានច្រើន
ចំណុចមួយទៀតដែលគេសង្កេតឃើញថា ជាគ្រោះថ្នាក់ធំបំផុតមួយដល់សមិទ្ធផលការងាររបស់បុគ្គលិកល្អ គឺកន្លែងការងារដែលសំបូរទៅដោយបុគ្គលិកមានគំនិតអវិជ្ជមានច្រើន។ នេះមានដូចជា បុគ្គលិកចូលចិត្តនិយាយដើមគេដែលគេហៅថាមាត់ចាបមាត់ព្រាបនោះ បុគ្គលិកដែលមិនឲ្យតម្លៃឬ យល់អារម្មណ៍បុគ្គលិកគ្នាឯង អំនួត ជាដើម ពោលគឺសកម្មភាពដែលយកខ្លួនឯងជាធំនាំឲ្យទើសចិត្តដល់បុគ្គលិកឯទៀត។
៦) ខ្លាចបរាជ័យ
ពេលខ្លះបុគ្គលិកមួយចំនួនហាក់មានទុទ្ទិដ្ឋិនិយមលើភាពបរាជ័យនៅការងាររបស់ពួកគេ ដែលនេះនឹងប៉ះពាល់ដល់សមិទ្ធផលការងារតែម្តង។ ទន្ទឹមនឹងនេះ បើអ្នកគ្រប់គ្រងមិនបានលើកទឹកចិត្ត ឬ បង្រៀនពួកគេឲ្យមានភាពជឿជាក់ និង មានជំហររឹងមាំទេនោះ ហើយបណ្តោយឲ្យទៅតាមយថាកម្ម នៅទីបំផុតសមិទ្ធផលការងារក៏បង់ ក្រុមហ៊ុនទាំងមូលក៏ខាត។
៧) គ្មានគោលដៅច្បាស់លាស់
ចំណុចនេះជារឿងសំខាន់ព្រោះថា ក្នុងករណីដែលក្រុមហ៊ុនមិនបានបង្កើតគោលដៅឲ្យច្បាស់លាស់ទេនោះ មិនខុសអ្វីពីឡើងជិះរថយន្តហើយមិនដឹងជាទៅណា។ យ៉ាងណាមិញអ្វីដែលសំខាន់នៅទីនេះ ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងត្រូវលើកឡើងពីគោលដៅរបស់ខ្លួនមួយឲ្យពិតប្រាកដ ហើយឲ្យបុគ្គលិកទាំងមូលផ្ដោតទៅលើគោលដៅនេះថា តើអ្នកចង់ទៅណា? ហេតុអ្វី? ដោយវិធីណា?
៨) ចៅហ្វាយអាត្មានិយម
ចៅហ្វាយឬ អ្នកគ្រប់គ្រងដែលយល់តែពីអារម្មណ៍ខ្លួនឯង មិនយល់ពីអារម្មណ៍បុគ្គលិកដទៃទៀត មិនលើកតម្កើងបុគ្គលិកដោយស្មើភាព ចូលចិត្តបោះសម្ដីធ្ងន់ៗនិង ចូលចិត្តស្តីបន្ទោសដល់បុគ្គលិកដោយគ្មានហេតុផល គិតតែសមិទ្ធផលដើម្បីមុខមាត់របស់ខ្លួន មិនគិតពីសុខទុក្ខរបស់បុគ្គលិក ទាំងនេះហើយដែលបុគ្គលិកភាគច្រើនត្រូវចែកជើងគ្នាដើរចេញ។ ក្រុមហ៊ុនមួយដែលមានអ្នកគ្រប់គ្រងបែបនេះ ទោះបីជាបានសមិទ្ធផលខ្ពស់ ក៏មិនអាចផ្តល់សេចក្តីសុខផ្លូវចិត្តដល់បុគ្គលិកបាននោះដែរ។
៩) បើកកិច្ចប្រជុំដែលគ្មានប្រយោជន៍
មានបុគ្គលិកក្រោមបង្គាប់ភាគច្រើន បានស្វាគមន៍ចំពោះការបើកឲ្យមានកិច្ចប្រជុំជាប្រចាំ ដើម្បីធ្វើយ៉ាងម៉េចឲ្យសមិទ្ធផលការងារកាន់តែប្រសើរឡើង។ ផ្ទុយទៅវិញបើកិច្ចប្រជុំការងារនោះប្រៀបដូចជាវេទិកាតុកាហ្វេ មិនមានរបៀបវារៈត្រឹមត្រូវត្រៀមទុកជាមុន មិនដឹងថាប្រជុំដើម្បីអ្វី ចប់មិនដឹងក្បាលមិនដឹងកន្ទុយ ទីបំផុតខាតតែពេលឥតប្រយោជន៍។
១០) សកម្មភាពរំខាននាំឲ្យខាតបង់ពេលវេលារបស់បុគ្គលិក
សូមបញ្ជាក់នៅទីនេះថា បុគ្គលិកមួយអាចធ្វើការងារច្រើនម៉ោងបានលុះត្រាតែផ្តល់ពេលាយ៉ាងសមស្របមួយសម្រាប់ពួកគេ ពេលគឺពុំមានសកម្មភាពរំខានឥតប្រយោជន៍ណាមួយកើតមានឡើង។ ការផ្ញើរអ៊ីមែលដែលមិនចាំបាច់ ទំនាក់ទំនងគ្មានដែនកំណត់នៅពេលកំពុងធ្វើការ ភាពរំខានដោយសម្លេង ឬ កាយវិការ ទាំងនេះសុទ្ធតែប៉ះពាល់ដល់ការបំពេញការងាររបស់បុគ្គលិក៕
1 comment
online casino [url=http://onlinecasinouse.com/# ]casino real money [/url] online casino slots casino online http://onlinecasinouse.com/#