ដំបូន្មានគន្លឹះពីវ័យ ២០ ឆ្នាំទៅ ៦០ ឆ្នាំ ពីកំពូលមហាសេដ្ឋីចិន JACK MA !!

លោក Jack Ma  ​ជា​មហាសេដ្ឋី​ចិន​កំពុង​ឡើង​កូដ​នោះ បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​នៅ​ចន្លោះ​ពី​អាយុ ២០ ដល់​អាយុ ៦០ ឆ្នាំ។

ជាការពិតណាស់​ ជីវិត​របស់​មនុស្ស​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​តែងតែ​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ចាប់​ពី​អាយុ ២០ ឆ្នាំ​ទៅ ៦០ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​​មនុស្ស​គ្រប់រូប​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ស្ថិត​នៅ​ក្នុង​​វ័យ​ទាំង​នេះ?

តាម​ទស្សនៈ​របស់​លោក Jack Ma មុន​ពេល​ឈាន​ដល់​អាយុ ២០ ឆ្នាំ​ដែល​ជា​វ័យ​យុវជន​នោះ លោក​អ្នក​គួរ​តែ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​ម្នាក់​ដើម្បី​ត្រៀម​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​​ដែល​នឹង​ចូល​មក​ដល់ ។

សម្រាប់​​មុន​ឈាន​​ចូល​ដល់​វ័យ ៣០ ឆ្នាំ​វិញ​​ លោក​អ្នក​គួរ​តែ​រៀន​សូត្រ​តាម​ ឬ ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​​ជា​បុគ្គល​គំរូ​ដែល​​ធ្លាប់​ជោគជ័យ​ក្នុង​វ័យ​នេះ​ពី​មុន​មក។

គាត់មានប្រសាសន៏ថា «អ្នក​អាច​រៀន​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​តូច​ណា​មួយ​ជា​មុន​សិន​ព្រោះ​ថា ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​តូច​មុន​នឹង​ធ្វើ​ឲ្យ​អ្នក​​អាច​រៀន​សូត្រ​ពី​មហិច្ឆតា ឬ ក្តី​សុបិន​នៅ​ដំណាក់កាល​ដំបូង​ជាជាង​ក្រុមហ៊ុន​​ធំ​ដែល​មាន​អ្វីៗ​សព្វគ្រប់​បែបយ៉ាង​ទៅ​ហើយ​។ បន្ទាប់​មក​ អ្នក​ត្រូវ​​រៀន​មើល​​បុគ្គល​ណា​មួយ​ដែល​អ្នក​គិត​ថា ជា​ចៅហ្វាយ​ដ៏​ល្អ​​ ព្រោះ​បុគ្គល​ប្រភេទ​នេះ​នឹង​អាច​បង្រៀន​អ្នក​បាន​គ្រប់​បែបយ៉ាង»

​វ័យ​ចន្លោះ​ពី ៣០ ទៅ ៤០ ឆ្នាំ អតីត​ CEO របស់​ក្រុមហ៊ុន Alibaba រូប​នេះ​បាន​និយាយ​​ថា  មិន​ចំពោះ​ថា​​អ្នក​ចង់​ធ្វើ​ការ​ឲ្យ​គេ​ឬ បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​​​នោះ​ឡើយ​ អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់​បំផុត​​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​ពិត​ជា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​អាជីព​ការងារ​នៅ​ពេល​អនាគត​យូរអង្វែង។

នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ អ្នក​ត្រូវ​ធ្វើ​អ្វី​​​មួយ​ឲ្យ​ស្រប​ទៅ​នឹង​​ជំនាញ​របស់​អ្នក។ លោក​បញ្ជាក់​ថា ក្នុង​វ័យ​នេះ​ដាច់ខាត​កុំ​ប្ដូរ​អាជីព​ការងារ​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​យឺត​ពេល​ហើយ។ អ្នក​អាច​ជោគជ័យ​ច្រើន​ក្នុង​វ័យ​នេះ តែ​អត្រា​មរណភាព​របស់​អ្នក​ក៏​មាន​កាន់តែ​ច្រើន​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក តម្រូវ​​ឲ្យ​អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​ដែល​ជា​ជំនាញ​របស់​អ្នក។​​

នៅ​ចន្លោះ​វ័យ ៥០ ឆ្នាំ​ទៅ ៦០ ឆ្នាំ អ្នក​​គួរ​ធ្វើ​ការ​បម្រើ​ដល់​យុវជន​​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន។ ​នេះ​ជា​សម្តីរបស់​លោក Jack Ma ​ដោយ​បញ្ជាក់​ថា ក្មេងៗ​អាច​​ធ្វើ​ការ​ល្អ​ជាង​​អ្នក ព្រោះ​ពួកគេ​មាន​​ថាមពល​គ្រប់គ្រាន់ ម្ល៉ោះហើយ​អ្នក​ត្រូវ​តែ​​ដាក់​ទុន​ឲ្យ​​ពួកគេ និង ធ្វើ​ឲ្យ​ពួកគេ​ជា​ក្លាយ​ជា​ទំពាំងស្នងឫស្សី​​ដ៏​រឹងមាំ​មួយ។ ​​​

ចំនុចសំខាន់ដាស់តឿនចុងក្រោយ ៖« ចង់​ផ្លាស់ប្ដូរ​​នៅ​ពេល​​ថ្ងៃ​រៀប​លិច ច្បាស់​ជា​យឺត​ពេល​​ហើយ! នេះ​ជា​ដំបូន្មាន​របស់​ខ្ញុំ​ផ្ញើ​ជូន​ដល់​យុវជន​ទាំងអស់​ដែល​មាន​វ័យ ២៥ ឆ្នាំ។ កុំ​បារម្ភ​រឿង​កំហុស​របស់​អ្នក! កុំ​បារម្ភ​​រឿង​បរាជ័យ អ្នក​ត្រូវ​ក្រោកឈរ​ឡើង ហើយ​រីករាយ​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក ព្រោះ​វ័យ​នេះ​អ្នក​ទាំងអស់​គ្នា​​នៅ​មាន​អនាគត​វែងឆ្ងាយ​ណាស់»

 

សូម​ទស្សនា ការសំភាសន៏ផ្ទាល់ក្នុងវីដេអូខាងក្រោមនេះ ៖

 

ទុកឱ្យសេចក្តីអធិប្បាយ