គន្លឹះបែងប្រាក់ចំណូលជា៥ចំណែករបស់មហាសេដ្ឋី Li Ka-Shing ដើម្បីក្លាយជាអ្នកមានក្នុងពេលដ៏ខ្លី

មិត្តអ្នកអាន​ប្រហែល​ជា​ធ្លាប់ស្គាល់​​លោក​​​ ​Li Ka-Shing ​​ជា​មហាសេដ្ឋី​​ប្រាក់​ច្រើន​ជាងគេ​បំផុត​របស់​អាស៊ី​មក​ពី​ទីក្រុង​ហុងកុង​ដែល​​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​អ្នក​ជំនួញ​​ដ៏​មាន​សក្ដានុពល​​​​នៅ​ពេល​បច្ចុប្បន្ន។ នេះ​ក៏​ដោយ​ព្រោះ​​ការ​ខិតខំ​​ប្រឹងប្រែង​របស់​លោក​​​ដែល​បាន​រើ​បំរាស់​ខ្លួន​ពី​​កម្មករ​ក្រីក្រ​ស៊ី​ឈ្នួល​គេ ទៅ​ជា​ប្រធាន​ក្រុមហ៊ុន​ធំៗ​រហូត​​មាន​ប្រាក់ ៣០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​​ដៃ​។

 

ដោយសារ​តែ​ឃើញ​ពី​សក្ដានុពល​របស់​​លោក​​យ៉ាងនេះ​ហើយ ទើប​ ISMART ​លើក​យក​គន្លឹះ​មួយ​ដែល​មហាសេដ្ឋី​រូប​នេះ​យក​មក​ប្រើប្រាស់​ដើម្បី​ក្លាយ​​ខ្លួន​ជា​អ្នក​មាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ នោះ​គឺ​គន្លឹះ​​គ្រប់គ្រង​​ប្រាក់​ចំណូល​​របស់​ខ្លួន​។

 

លោក ​លីកាស៊ីង ​មាន​ប្រសាសន៍​ថា​ មិន​សំខាន់​ថា ​អ្នក​អាច​រក​លុយ​បាន​ប៉ុន្មាន​នោះ​ទេ តែ​សំខាន់​ត្រង់​ថា​​ អ្នក​​គ្រប់គ្រងវាដោយរបៀបណា។ ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​បែងចែក​ប្រាក់​ចំណូល​របស់​លោក​ លីកាស៊ីង។

 

ឧបមាថា អ្នក​មាន​​ប្រាក់​ខែ ៤០០​ដុល្លារ​ក្នុង​មួយ​ខែ​ អ្នក​ត្រូវ​បែងចែក​​ប្រាក់​នោះ​ជា​៥​ចំណែក​គឺ​​ចំណែក​ទី​១ ស្មើ​នឹង​ ១២០ (៣០%) ចំណែក​ទី​២​ ស្មើនឹង​ ៨០​ដុល្លារ (២០%) ចំណែក​ទី​៣ ស្មើ​នឹង ​៦០​ដុល្លារ(១៥%) ចំណែក​ទី​៤ ស្មើ​នឹង​​ ៤០​ដុល្លារ (១០%) និង​ចំណែក​ទី​៥ ​ស្មើ​នឹង ​១០០​ដុល្លារ (២៥%)។ ​​​

 

១) ចំណាយ​ ១២០​ដុល្លារ​សម្រាប់​​ការ​ហូបចុក​

លោក​លីកាស៊ីង​បាន​និយាយ​ថា ​អ្នក​​ត្រូវ​ចែក​ប្រាក់ ​១២០​ដុល្លារ​សម្រាប់​ការ​ហូបចុក​​ប្រចាំ​ថ្ងៃ។ សម្រាប់​អាហារ​ពេល​ព្រឹក​អ្នក​មិន​ត្រូវ​ចំណាយ​ខ្ជះខ្ជាយ​ច្រើន​ពេក​នោះ​ឡើយ ពោល​គឺ​អាច​​អាច​​ហូប​មី ពង​ទា និង​ទឹកដោះ​គោ​មួយ​កែវ​ជា​ការ​ស្រេច។ សម្រាប់​អាហារ​​អាហារ​ថ្ងៃ​ត្រង់ អ្នក​អាច​ហូប​អាហារ​​ណា​ដែល​ឆ្អិត​ស្រាប់ និង​ផ្លែ​ឈឺ​​មួយ​ចំនួន​ទៀត។ រីឯ​អាហារ​ពេល​​ល្ងាច​វិញ​ អ្នក​ត្រូវ​ចម្អិន​អាហារ​​ដោយ​ខ្លួន​ឯង​ដែល​​មាន​បន្លែ​ចំនួន​ពីរ​ចាន និង ពិសារ​ទឹកដោះគោ​មួយ​កែវ​មុន​ពេល​ចូល​គេង។​​



​២) ចំណាយ​ ៨០ ​ដុល្លារ​សម្រាប់​បង្កើន​ការ​ទំនាក់ទំនង


លោក​ លីកាស៊ីង​​ណែនាំ​ថា អ្នក​អាច​ចំណាយ​លុយ​​៨០ ​ដុល្លារ នេះ​សម្រាប់​ទិញ​កាត​ទូរស័ព្ទ និង​ ជួយ​ចេញ​ថ្លៃ​អាហារ​ម្តង​កាល​ជា​មួយ​មិត្តភក្ដិ​របស់​អ្នក។ តែ​ត្រូវ​ចាំ​ថា មិត្តភក្ដិ​ដែល​អ្នក​រាប់អាន និង​ចេញ​ថ្លៃ​អាហារ​ឲ្យ​​ត្រូវ​ប្រាកដ​ថា ជា​មនុស្ស​​មាន​ចំណេះដឹង​ខ្ពស់​ជាង​អ្នក មាន​ជាង​អ្នក ឬ ជា​មនុស្ស​ដែល​អាច​ជួយ​ត្រួសត្រាយ​ផ្លូវ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​អាជីព​ការងារ​បាន។ លោក​បាន​​ពន្យល់​ថា អ្នក​នឹង​​ឃើញ​លទ្ធផល​របស់​ខ្លួន​ក្នុង​កម្រិត​ណា​បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ប្រភេទ​នេះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក។​​​​



៣) ចំណាយ​​​៦០​ដុល្លារ​សម្រាប់​បង្កើន​ចំណេះដឹង


អ្នក​អាច​ចំណាយ​ប្រាក់​ខែ​របស់​អ្នក​ពី​១០​ទៅ​១៥​ដុល្លារ​សម្រាប់​ទិញ​សៀវភៅ​ល្អ​ទុក​​​សម្រាប់​អាន​ជា​ប្រចាំ។ មហាសេដ្ឋី​រូប​នេះ​បាន​បញ្ជាក់​ថា ព្រោះ​តែ​អ្នក​គ្មាន​លុយ​ច្រើន​ដូច​គេ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ខិតខំ​សិក្សា​រៀនសូត្រ​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ។ អ្នក​ត្រូវ​អាន​​ខ្លឹមសារ​សៀវភៅ​ដែល​អ្នក​ទិញ​ឲ្យ​បាន​ប្រុងប្រយ័ត្ន​ និង​ច្បាស់លាស់ ព្រម​ទាំង​​រៀន​ពី​យុទ្ធសាស្ត្រ​ផ្សេងៗ​​ពី​សៀវភៅ​នោះ។ ទន្ទឹម​នឹង​គ្នា​នេះ ទឹកប្រាក់​ដែល​នៅ​សល់​ពី​ការ​ចំណាយ​នេះ​ត្រូវ​ចំណាយ​លើ​ការ​សិក្សា​វគ្គ​ខ្លីៗ​ផ្សេង​ទៀត​លើ​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​​នៅ​តាម​​សាលា ឬ គ្រឹះស្ថានសិក្សា​​នានា​ សម្រាប់​បង្កើត​​ចំណេះដឹង​របស់​អ្នក។



៤) ចំណាយ​៤០​ដុល្លារ​សម្រាប់​ទេសចរណ៍


ការ​លំហែកាយ​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​តំបន់​​ផ្សេងៗ​នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​អ្នក​​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ។ អ្នក​ត្រូវ​ដកស្រង់​បទពិសោធន៍​​នានា​ដែល​ទទួល​បាន​ពី​​ទស្សនាចរណ៍​របស់​អ្នក ដើម្បី​បង្កើន​ការ​យល់ដឹង​​បរិបទ​​​​ជា​ច្រើន​នៅ​ក្នុង​សង្គម។



៥) ចំណាយ​​ ១០០​ដុល្លារ​សម្រាប់​​ការ​វិនិយោគ

លោក លីកាស៊ីង​ បាន​ផ្តល់​​យោបល់​ថា អ្នក​ត្រូវ​ទុក​​ប្រាក់​របស់​អ្នក​ប្រចាំ​ខែ​ឲ្យ​បាន​១០០​ដុល្លារ​​ក្នុង​មួយ​ខែ​នៅ​ក្នុង​ធនាគារ ដើម្បី​ទុក​ធ្វើ​​ជា​ដើមទុន​​បង្កើត​អាជីវកម្ម​តូច​មួយ​នៅ​​ពេល​ខាងមុខ។ អាជីវកម្ម​ដ៏​តូច​នេះ​មិន​មាន​ហានិភ័យ​ខ្ពស់​ឡើយ ហើយ​អ្នក​ក៏​មិន​មាន​ការ​ខាតបង់​ច្រើន​នោះ​ដែរ​​ក្នុង​ករណី​វា​មិន​អាច​ដើរ​រលូន​ទៅ​មុខ​បាន​។

 

ទោះបីជា​យ៉ាងណា​ក៏ដោយ ​អាជីវកម្ម​ដ៏​តូច​នេះ​នឹង​​ជំរុញ​ឲ្យ​អ្នក​មាន​ទំនុកចិត្ត និង​កម្លាំង​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​ ​ទន្ទឹម​នឹង​មាន​បទពិសោធន៍​កាន់តែ​រឹងមាំ​ក្នុង​អាជីវកម្ម​របស់​អ្នក​អាច​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​នៅ​ពេល​អនាគត។ អ្នក​រក​ប្រាក់​បាន​កាន់តែ​ច្រើន​មាន​ដើម​ទុន​កាន់តែ​​ធំ​​​ក្នុង​គោលដៅ​វិនិយោគ​រយៈពេល​វែង ហើយ​អ្នក​នឹង​​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្លាយ​ជា​អ្នក​មាន​បន្តិចប្តងៗ​ដោយ​មិនដឹង​ខ្លួន

 

1 comment

Fido

Well done! Rith, you did great job!

Leave a comment