ឥរិយាបថ៣យ៉ាង ធ្វើឲ្យមនុស្សបរាជ័យគ្រប់ពេល!


មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចង់​ទទួល​ជោគ​ជ័យ មិនថា ក្នុង​ការងារ ការសិក្សា ឬ កិច្ចការជំនួញ​ផ្សេងៗ​នោះ​ទេ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​ការ​បរាជ័យ​ឡើយ​ គ្រាន់​តែ​​ថា​ ច្រើន ឬ តិច​ប៉ុណ្ណោះ។ ​ការ​បរាជ័យ​កើត​ឡើង មិនមែន​គ្មាន​មូល​ហេតុ​នោះ​ទេ។ ពេលខ្លះ​មនុស្ស​ភាគច្រើន គិត​តែ​រឿង​ជ្រៅៗ​ពេក តែ​ភ្លេច​គិត​រឿង​តូចតាច ព្រោះ​យល់ថា​វា​មិន​សូវ​សំខាន់ តែ​សូម​កុំ​ភ្លេច​ថា ​​វា​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​បរាជ័យ​ផង​ដែរ។


ខាង​ក្រោម​នេះ គឺជាហេតុផលដ៏សាមញ្ញ៣ យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ងើប​មុខ​មិនរួច៖

១) គ្មាន​ការ​ចុះ​សម្រុង​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន


បើ​ទោះ​បី​ជា​​អ្នក​មាន​សមត្ថភាព ប៉ុណ្ណា​ក៏​ដោយ តែ​មនុស្ស​ម្នាក់​មិន​អាច​បង្កើត​ភាព​ជោគជ័យ​ដ៏​ធំ​ធេង​បាន​ឡើយ ពោល​គឺ​ត្រូវ​ការ​​ការ​សហការ​គ្នា។ អ្នកខ្លះ​មិន​ចូល​ចិត្ត​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ​ទេ ហើយ​ចូល​សម្រេច​ចិត្ត​កិច្ចការ​ផ្សេងៗ​តែ​ម្នាក់​ឯង ឬ អាច​និយាយ​ឲ្យ​ស្រួល​ស្តាប់​ថា ជា​មនុស្ស​អត្តនោម័តិ។ មនុស្ស​ម្នាក់​មិន​អាច​គិត​ អ្វីៗ​បាន​គ្រប់​ជ្រុង​ជ្រោយ​ឡើយ តែ​បើ​ធ្វើ​ការ​ជា​ក្រុម​វិញ ​អាច​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។ ការ​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ត្រូវ​បង្កើត​ទម្លាប់​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ ឬ​ មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ តាមរយៈ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ភាព​ជា​ដៃ​គូ។


២) ឆាប់​បោះបង់ នៅ​ពេល​ជួប​ការ​លំបាក


មិនមែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ដែល​មនុស្ស​គ្រប់​គ្នា​ប្រឈម​នឹង​ការ​លំបាក ព្រោះ​វា​ជា​ដំណើរ​ធម្មជាតិ​ស្រាប់​ទៅ​ហើយ​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ដោយ​វិធី​ណា? ក្នុង​ស្ថានភាព​លំបាកៗ ពាក្យ​ថា ជោគជ័យ​ឬ បរាជ័យ វា​អាស្រ័យ​លើ​ការ​ស៊ូ​របស់​មនុស្ស។ បើសិន​​​បើ​អ្នក​ ពិត​ជា​ចង់​បាន​ជោគជ័យ ​អ្នក​មិន​គួរ​ឆាប់​បោះបង់​នោះ​ទេ ព្រោះ​ក្នុង​លោក​នេះ​ គ្មាន​អ្វី​ដែល​ដោះស្រាយ​មិន​កើត​ទេ គ្រាន់​តែ​ត្រូវ​ចំណាយ​ពេល ក៏ដូចជា​ប្រើ​យុទ្ធសាស្ត្រ​ល្អៗ​ប៉ុណ្ណោះ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​លំបាក​ទាំង​នោះ។ មនុស្ស​ភាគ​ច្រើន តែង​តែ​បោះ​បង់​រាល់​ការងារ​របស់​ខ្លួន នៅ​ពេល​ជួប​ការ​លំបាក ដូច្នេះ​បើសិន​ជា​គេ​បរាជ័យ នោះ​វា​គ្មាន​អ្វី​ចម្លែក​ទេ។


៣) ចូល​ចិត្ត​ពន្យារ​ពេល


ទម្លាប់​អាក្រក់​មួយ ​របស់​មនុស្ស​គ្រប់រូប គឺ​មិន​ចូល​ចិត្ត​បំពេញ​ការងារ​ឲ្យ​រួចរាល់​ទេ ពោល​គឺ​តែង​ពន្យារ​ពេល​ជា​និច្ច​បើ​ទោះ​បី​ជា​ការងារ​នោះ ជា​ការងារ​យ៉ាង​សាមញ្ញ​បំផុត​ក្តី។ ការងារ​ខ្លះ ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​សម្រេច តែ​ការងារ​ខ្លះ​ទៀត​មិន​បាច់​ចាំ​ប្រើ​ពេល​យូរ​ពេក​ទេ​ព្រោះ​វា​មាន​លក្ខណៈ​ងាយ​ស្រួល។


យ៉ាងណាក៏ដោយ ការ​ពន្យារពេល​គឺ​ជា​ទម្លាប់​ស្រាប់​ទៅ​ហើយ​សម្រាប់​មនុស្ស​ដែល​បរាជ័យ​នោះ ហើយ​ពួក​គេ​ភាគច្រើន​គេ​តែង ប្រើ​ពាក្យ​ថា “ចាំ​ធ្វើ​ពេល​ក្រោយ!” ចុះ​ហេតុ​អ្វី​មិន​ប្រើ​ពាក្យ​ថា “ធ្វើ​វា​ឲ្យ​ចប់​នៅ​ពេល​ហ្នឹង!”។ នេះ​គឺ​ជា កំហុស​យ៉ាង​សាមញ្ញ​បំផុត​ដែល​យើង​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់ ជា​ហេតុ​នាំ​ឲ្យ​បរាជ័យ​កើត​ឡើង​មិន​ចេះ​ចប់៕

 

Leave a comment