លោក Jack Ma ជាមហាសេដ្ឋីចិនកំពុងឡើងកូដនោះ បានផ្ដល់ដំបូន្មានជាច្រើនទាក់ទងទៅនឹងភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗនៅចន្លោះពីអាយុ ២០ ដល់អាយុ ៦០ ឆ្នាំ។
ជាការពិតណាស់ ជីវិតរបស់មនុស្សពីដំណាក់កាលមួយទៅដំណាក់កាលមួយតែងតែប្រឈមមុខបញ្ហាជាច្រើន ជាពិសេសចាប់ពីអាយុ ២០ ឆ្នាំទៅ ៦០ឆ្នាំ។ ប៉ុន្តែអ្វីដែលមនុស្សគ្រប់រូបត្រូវដឹងនោះគឺថា តើត្រូវធ្វើអ្វីខ្លះនៅពេលស្ថិតនៅក្នុងវ័យទាំងនេះ?
តាមទស្សនៈរបស់លោក Jack Ma មុនពេលឈានដល់អាយុ ២០ ឆ្នាំដែលជាវ័យយុវជននោះ លោកអ្នកគួរតែធ្វើខ្លួនជាសិស្សល្អម្នាក់ដើម្បីត្រៀមទទួលយកបទពិសោធន៍ថ្មីៗជាច្រើនដែលនឹងចូលមកដល់ ។
សម្រាប់មុនឈានចូលដល់វ័យ ៣០ ឆ្នាំវិញ លោកអ្នកគួរតែរៀនសូត្រតាម ឬ ជ្រើសរើសអ្នកណាម្នាក់មកធ្វើជាបុគ្គលគំរូដែលធ្លាប់ជោគជ័យក្នុងវ័យនេះពីមុនមក។
គាត់មានប្រសាសន៏ថា «អ្នកអាចរៀនធ្វើការជាមួយក្រុមហ៊ុនតូចណាមួយជាមុនសិនព្រោះថា ធ្វើការនៅក្នុងក្រុមហ៊ុនតូចមុននឹងធ្វើឲ្យអ្នកអាចរៀនសូត្រពីមហិច្ឆតា ឬ ក្តីសុបិននៅដំណាក់កាលដំបូងជាជាងក្រុមហ៊ុនធំដែលមានអ្វីៗសព្វគ្រប់បែបយ៉ាងទៅហើយ។ បន្ទាប់មក អ្នកត្រូវរៀនមើលបុគ្គលណាមួយដែលអ្នកគិតថា ជាចៅហ្វាយដ៏ល្អ ព្រោះបុគ្គលប្រភេទនេះនឹងអាចបង្រៀនអ្នកបានគ្រប់បែបយ៉ាង»។
វ័យចន្លោះពី ៣០ ទៅ ៤០ ឆ្នាំ អតីត CEO របស់ក្រុមហ៊ុន Alibaba រូបនេះបាននិយាយថា មិនចំពោះថាអ្នកចង់ធ្វើការឲ្យគេឬ បង្កើតក្រុមហ៊ុនខ្លួនឯងនោះឡើយ អ្នកត្រូវតែគិតឲ្យបានច្បាស់លាស់បំផុតចំពោះការងារប្រចាំថ្ងៃរបស់អ្នក ដើម្បីឲ្យប្រាកដថា វាពិតជាបានផ្តល់អត្ថប្រយោជន៍ច្រើនបំផុតសម្រាប់អាជីពការងារនៅពេលអនាគតយូរអង្វែង។
នៅពេលដែលឈានដល់វ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ អ្នកត្រូវធ្វើអ្វីមួយឲ្យស្របទៅនឹងជំនាញរបស់អ្នក។ លោកបញ្ជាក់ថា ក្នុងវ័យនេះដាច់ខាតកុំប្ដូរអាជីពការងារឲ្យសោះ បើមិនដូច្នេះទេ អ្នកនឹងយឺតពេលហើយ។ អ្នកអាចជោគជ័យច្រើនក្នុងវ័យនេះ តែអត្រាមរណភាពរបស់អ្នកក៏មានកាន់តែច្រើនដែរ។ នេះហើយជាមូលហេតុដែលលោក តម្រូវឲ្យអ្នកត្រូវផ្ដោតទៅលើការងារដែលជាជំនាញរបស់អ្នក។
នៅចន្លោះវ័យ ៥០ ឆ្នាំទៅ ៦០ ឆ្នាំ អ្នកគួរធ្វើការបម្រើដល់យុវជនជំនាន់ក្រោយឲ្យបានច្រើន។ នេះជាសម្តីរបស់លោក Jack Ma ដោយបញ្ជាក់ថា ក្មេងៗអាចធ្វើការល្អជាងអ្នក ព្រោះពួកគេមានថាមពលគ្រប់គ្រាន់ ម្ល៉ោះហើយអ្នកត្រូវតែដាក់ទុនឲ្យពួកគេ និង ធ្វើឲ្យពួកគេជាក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំមួយ។
ចំនុចសំខាន់ដាស់តឿនចុងក្រោយ ៖« ចង់ផ្លាស់ប្ដូរនៅពេលថ្ងៃរៀបលិច ច្បាស់ជាយឺតពេលហើយ! នេះជាដំបូន្មានរបស់ខ្ញុំផ្ញើជូនដល់យុវជនទាំងអស់ដែលមានវ័យ ២៥ ឆ្នាំ។ កុំបារម្ភរឿងកំហុសរបស់អ្នក! កុំបារម្ភរឿងបរាជ័យ អ្នកត្រូវក្រោកឈរឡើង ហើយរីករាយទៅនឹងដំណើរជីវិតរបស់អ្នក ព្រោះវ័យនេះអ្នកទាំងអស់គ្នានៅមានអនាគតវែងឆ្ងាយណាស់»៕
សូមទស្សនា ការសំភាសន៏ផ្ទាល់ក្នុងវីដេអូខាងក្រោមនេះ ៖